ព័ត៌មានអន្តរជាតិ

លោក អានុទីន ទៅចរចារជាមួយ ម៉ាឡេស៊ី សុំបើកទីផ្សារបង្គាវិញ និងសុំជំនួយក្នុងអំពើហិង្សានៅភាគខាងត្បូង

Published

on

55 Views

នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី  ដោយពលរដ្ឋថៃរំពឹងថានឹងលើកយកបញ្ហាការបិទទីផ្សារបង្គាថៃ និងសុំឲ្យជួយដោះស្រាយអំពើហិង្សានៅភាគខាងត្បូង ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

តាមការផ្សាយរបស់ Amarin TV  បានឱ្យដឹងថា លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។

ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យប្រទេសថៃស្រឡាំងកាំង រហូតព្យាយាមជាច្រើនលើកច្រើនសារទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បើកទីផ្សារបង្គាឱ្យប្រទេសវិញ។ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបើកភ្លើងក្រហមសម្រាប់ចរចារជាមួយថៃ។

មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ មិនពេញចិត្តចំពោះចំណាត់ការមួយនេះ។

ចំណែក ពាក់ព័ន្ធបញ្ហាអំពើហិង្សា នៅភាគខាងត្បូងប្រទេសថៃវិញ លោកអានុទីន នឹងសុំឲ្យម៉ាឡេស៊ី ជួយរឹតបន្តឹងសន្តិសុខព្រំដែន និងទប់ស្កាត់សកម្មភាពក្រុមឧទ្ទាមឆ្លងដែន បន្ទាប់ពីការវាយប្រហារកាន់តែខ្លាំងទៅៗ។

ជុំវិញរឿងនេះដែរ ទីក្រុងបាងកក ប្រកាសថា ខ្លួននឹងចរចាជាមួយក្រុមសកម្មប្រយុទ្ធភាគខាងត្បូង ​ហើយមន្ត្រីថៃនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅខែកញ្ញា ខាងមុខដើម្បីពិភាក្សាគ្នារកដំណោះស្រាយ។

គូសបញ្ជាក់ថា អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនាតែម្តង ដោយការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

4 − two =

ពេញនិយម

Exit mobile version