ព័ត៌មានអន្តរជាតិ
អាម៉េរិក បើកការវាយប្រហារដ៏ខ្លាំងក្លាលើអ៊ីរ៉ង់ បន្ទាប់ពីមានបញ្ហានៅកំពង់ផែ Hormuz
កងកម្លាំងអាម៉េរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ចំនួនបីគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូស នេះបើយោងតាមការផ្សាយរបស់AFPនៅថ្ងៃទី៨ ខែកក្កដានេះ។
យោងតាមបញ្ជាការកណ្តាលអាម៉េរិកបានបង្ហោះសារមួយនៅលើទំព័រ X ថា «ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើកប៉ាល់ពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស» ហើយនឹង «ដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។
ដោយបន្ថែមថា «ការឈ្លានពានរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់»។
គូសបញ្ជាក់ថា ឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការវាយប្រហារម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងការវាយប្រហារលើកប៉ាល់ដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់។
ការវាយប្រហារនៅថ្ងៃនេះ គឺជាការវាយប្រហារលើកដំបូងដោយកងកម្លាំងអាម៉េរិកលើអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដោយកងកម្លាំងរបស់ទីក្រុងតេអេរ៉ង់៕