ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ប្រាប់ថៃថាគ្មានភ្លើងខៀវបើកផ្លូវឱ្យថៃនាំបង្គាចូលទេ

Published

on

63 Views

បញ្ហាបង្គាថៃនៅតែមិនទាន់ចប់នៅឡើយ ក្រោយម៉ាឡេស៊ីប្រកាសហាមនាំបង្គារបស់ប្រទេសថៃចូលតាំងពីថ្ងៃទី១ ខែមិថុនា ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសម៉ាឡេស៊ីនឹងលុបចោលបម្រាមនោះ ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែភាគីម៉ាឡេស៊ីបានឆ្លើយតបភ្លាមៗថានៅត្រូវការពន្យារពេលបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៥ ខែកក្កដានេះ។

លោក Suriya បានលើកឡើងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad Sabuកាលពីសប្តាហ៍មុនថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការត្រួតពិនិត្យ និងពន្លឿនដំណើរការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ (SPS) រួមទាំងការពិនិត្យសារធាតុគីមីដែលនៅសេសសល់ ដើម្បីស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញក្នុងរយៈពេល ៣០ថ្ងៃ។

ដោយឡែកលោក Adnan Hussain អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី បានចេញមុខបដិសេធចំពោះការរំពឹងទុក ៣០ថ្ងៃរបស់ភាគីថៃ។ លោកបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ម៉ាឡេស៊ីត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃ និងផ្ទៀងផ្ទាត់រាល់ឯកសារ ក៏ដូចជាព័ត៌មានស្តីពីប្រព័ន្ធត្រួតពិនិត្យអនាម័យដែលថៃបានដាក់ជូន មុននឹងសម្រេចចិត្តបើកទីផ្សារឡើងវិញ។

បញ្ហាបង្គារដ៏តានតឹងនេះ ត្រូវបានគេរំពឹងថានឹងក្លាយជារបៀបវារៈនយោបាយដ៏សំខាន់ នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល និងសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នាចុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

twelve − five =

ពេញនិយម

Exit mobile version