ព័ត៌មានអន្តរជាតិ
ព្រះសង្ឃសុគតកើនឡើងដល់ ១០អង្គ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ
ចំនួនព្រះសង្ឃដែលបានសុគតបានកើនឡើងដល់ ១០ អង្គ បន្ទាប់ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តភីកអាប់បុករះក្បួនដង្ហែព្រះពុទ្ធសាសនានៅប្រទេសថៃ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី៣ ខែកក្កដានេះ។
មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែព្រះសង្ឃមានសង្ឃដីការថា រថយន្តនោះរេចង្កូតមុនពេលធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមព្រះសង្ឃតែម្ដង។
ក្រុមព្រះសង្ឃ ៣៥ អង្គ និងពុទ្ធបរិស័ទ ៥ នាក់កំពុងដើរធម្មយាត្រានេះបានចាប់ផ្តើមនិមន្តពីខេត្ត Mukdahan ទៅកាន់ខេត្ត Ubon Ratchathani ដែលមានចម្ងាយ ២៦០ គីឡូម៉ែត្រ។
គិតត្រឹមថ្ងៃនេះ ព្រះសង្ឃចំនួន ៥ អង្គបានសុគតនៅនឹងកន្លែងកើតហេតុ ចំណែកព្រះសង្ឃចំនួន ៥ អង្គទៀតបានសុគតនៅមន្ទីរពេទ្យ។ យោងតាមរដ្ឋបាលខេត្ត ព្រះសង្ឃចំនួន ១៣ អង្គបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយព្រះសង្ឃចំនួន ៣ អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមប៉ូលីសបានឱ្យដឹងថា រថយន្តនេះត្រូវបានបើកបរដោយក្មេងអាយុ ១១ ឆ្នាំម្នាក់ដែលបានយករថយន្តរបស់ឪពុកម្តាយដោយគ្មានការអនុញ្ញាត។
នៅប្រទេសថៃ កុមារអាយុក្រោម ១២ ឆ្នាំមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌទេ៕