ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡាកើនឡើងជិត ១៥០០នាក់
(ការ៉ាកាស)៖ ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតពីការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាក្នុងសប្តាហ៍នេះ ដោយមានសញ្ញានៃការរស់រានមានជីវិតនាំមកនូវការធូរស្បើយម្តងម្កាលចំពោះដំណើរស្វែងរកដ៏លំបាកមួយ ដើម្បីកាត់បន្ថយបញ្ជីមនុស្សរាប់ម៉ឺននាក់ដែលបាត់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះ។
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីពីរលើកកាលពីថ្ងៃពុធបានកើនឡើងដល់ជិត ១៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងរដ្ឋ La Guaira ជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដែលជាប់គាំងជាយូរមកហើយនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច។
អគាររាប់សិបខ្នងបានដួលរលំទៅជាគំនរខ្សាច់ និងកម្ទេចកម្ទីនៅក្នុងរដ្ឋឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងជើងនៃការ៉ាកាស។
យោងតាមលោក Jorge Rodriguez ដែលជាប្អូនប្រុសរបស់ប្រធានាធិបតីស្តីទី និងជាប្រធានរដ្ឋសភា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង មនុស្ស ៣,១៥០ នាក់នៅតែរងរបួស ១២,៧២១ នាក់ត្រូវបានផ្លាស់ទីលំនៅ និងអគារ ៧៧៤ បានដួលរលំ។
ទោះបីជារដ្ឋាភិបាលបានផ្តល់តួលេខរាប់រយនាក់ដែលបាត់ខ្លួន ឬជាប់គាំងក៏ដោយ ក៏មានមនុស្សជិត ៥០.០០០ នាក់ត្រូវបានចុះបញ្ជីថាបានបាត់បង់ជីវិតនៅលើគេហទំព័រមួយដែលផ្សព្វផ្សាយដោយគណបក្សប្រឆាំងនយោបាយកាលពីថ្ងៃអាទិត្យ៕