ព័ត៌មានអន្តរជាតិ
កម្មវិធី«កិច្ចសម្ភាសន៍ជាន់ខ្ពស់»បានធ្វើបទសម្ភាសន៍ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង
លោក មីន អ៊ុងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានផ្តល់បទសម្ភាស៍ផ្តាច់មុខជាមួយកម្មវិធី «កិច្ចសម្ភាសន៍ជាន់ខ្ពស់» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ាមក ។ លោកបានសម្តែងការរំពឹងទុកខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-មីយ៉ាន់ម៉ានាពេលអនាគត។
លោក មីន អ៊ុង ឡាំង បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ា និងចិន គឺជា «បងប្អូន» ដែលមានឈាមជ័រដូចគ្នា។ លោកបានទៅទស្សនកិច្ចប្រទេសចិនជាងដប់ដងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលទំនើបកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ តាមទស្សនៈរបស់លោក គម្រោងសហប្រតិបត្តិការដូចជា ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ក្នុងក្របខ័ណ្ឌការួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” បានផ្តល់នូវការគាំទ្រដ៏សំខាន់សម្រាប់ការស្តារសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសមីយ៉ាន់ម៉ា ។ វាគឺជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ថ្លែងអំពីអនាគតនៃទំនាក់ទំនងទ្វេភាគី លោក មីន អ៊ុង ឡាំង បានថ្លែងថា មីយ៉ាន់ម៉ាមានឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-មីយ៉ាន់ម៉ា និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ភាគីមីយ៉ាន់ម៉ាសង្ឃឹមថានឹងពង្រីកពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងជំរុញការអនុវត្តគម្រោងសំខាន់ៗទាំងអស់នៃច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា។ ទាក់ទងនឹងវិស័យសន្តិសុខនៅតាមព្រំដែន មីយ៉ាន់ម៉ានឹងបន្តធ្វើប្រតិបត្តិការអនុវត្តច្បាប់រួមគ្នាជាមួយប្រទេសចិន ដើម្បីធានាស្ថិរភាពនៃព្រំដែន និងសុវត្ថិភាពរបស់បុគ្គលនៃភាគីទាំងពីរ។ ក្នុងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ មីយ៉ាន់ម៉ាក្នុងនាមជារដ្ឋសមាជិកអាស៊ាន នឹងខិតខំប្រឹងប្រែងដោយពេញទំហឹងដើម្បីតភ្ជាប់ជាមួយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយមានឆន្ទៈពួតដៃជាមួយប្រទេសចិន ដើម្បីជំរុញសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួមក្នុងតំបន់អាស៊ីអាគ្នេយ៍៕