ព័ត៌មានអន្តរជាតិ
ដាណឺម៉ាកនឹងដាក់ពង្រាយទាហាននៅកោះហ្គ្រីនឡែន ខណៈអាម៉េរិកនឹងប្រើធម៌ក្តៅដណ្តើមយកកោះមួយនេះ
រដ្ឋាភិបាលដាណឺម៉ាក នឹងចាប់ផ្តើមដាក់ពង្រាយទាហាននៅកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ខណៈប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ប្តេជ្ញាប្រើធម៌ក្តៅដើម្បីគ្រប់គ្រងកោះនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Jeppe Bruus បានគូសបញ្ជាក់ច្បាស់ៗនៅថ្ងៃទី២៤ ខែមិថុនានេះថា ទាហាននឹងត្រូវដាក់ពង្រាយរួមជាមួយទាហានអាជីព ហើយនឹងចូលរួមយ៉ាងពេញលេញនៅក្នុងបេសកកម្មទាំងអស់”។ បន្ថែមពីនោះ ពង្រឹងវត្តមានរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាម៉េរិក។
អនុប្រធានាធិបតីអាម៉េរិក JD Vance កាលពីឆ្នាំមុនបានចោទប្រកាន់ដាណឺម៉ាកថាបានធ្វេសប្រហែសសន្តិសុខនៃទឹកដីអាកទិកដ៏ធំរបស់ខ្លួន។
ភាពតានតឹងបានកើនឡើងនៅជុំវិញ Greenland បន្ទាប់ពីលោក ត្រាំ បានបង្កើនការគំរាមកំហែងយកទឹកដីដាណឺម៉ាកដើម្បីការពារសន្តិសុខរបស់សហរដ្ឋអាម៉េរិក។
ដាណឺម៉ាកបានពង្រីករយៈពេលនៃការបម្រើយោធាជាកាតព្វកិច្ចរបស់ខ្លួនដល់ ១១ខែកាលពីឆ្នាំមុន និងបើកចំហសម្រាប់ស្ត្រីដើម្បីឆ្លើយតបទៅនឹងសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។
ជាមួយគ្នានេះ អង្គការណាតូ ក៏បានបង្កើតកងឆ្មាំងសមុទ្រអាក់ទិច (Arctic Sentry) ដើម្បីបង្រួបបង្រួមប្រតិបត្តិការយោធា ការឃ្លាំមើល និងការឈ្លបយកការណ៍នៅទូទាំងតំបន់ភាគខាងជើង។ វាក៏បង្រួបបង្រួមសមត្ថភាពសម្ព័ន្ធមិត្តនៅក្រោមបញ្ជាការតែមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី និងចិន ធានាសុវត្ថិភាពផ្លូវសមុទ្រថ្មីៗ និងការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រដ៏សំខាន់។ ខណៈកោះ Greenland ជាផ្នែកមួយនៃទឹកដីដាណឺម៉ាក ក៏ត្រូវការការពារដាច់ដោយឡែកមួយផងដែរ៕