ព័ត៌មានអន្តរជាតិ
អគារជាង ១ម៉ឺនខ្នងនៅលីបង់ត្រូវបំផ្លាញ ក្រោមស្នាដៃអ៊ីស្រាអ៊ែល
អគារជាង ១ម៉ឺនខ្នងនៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមរវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល ១,៣៨ ពាន់លានដុល្លារអាមេរិក។
នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវលីបង់ បានបញ្ជាក់ថ្ងៃទី២២ ខែមិថុនាថា មានអគារចំនួន ១១,០៩៥ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ដែលប៉ះពាល់ដល់លំនៅឋានចំនួន ១៧,៨៩១ យូនីត ខណៈអគារចំនួន ២,២៤២ ខ្នងរងការខូចខាតមួយផ្នែក និងអគារចំនួន ៩,៣១១ ខ្នងទៀតរងការខូចខាតបន្តិចបន្តួច។
ការវាយតម្លៃពីការខូចខាតអគារនៅភាគខាងត្បូងនេះ គឺប្រៀបធៀបរូបភាពពីផ្កាយរណបកាលពីចុងខែមេសា (ជិតពីរខែបន្ទាប់ពីសង្គ្រាមចុងក្រោយបានផ្ទុះឡើង) ជាមួយនឹងរូបភាពកាលពីខែតុលា ឆ្នាំ២០២៥ ដែលមានន័យថារបាយការណ៍នេះមិនទាន់រាប់បញ្ចូលការខូចខាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃជម្លោះនោះទេ។
ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា តាមរយៈការបាញ់គ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ដែលជាខ្នងបង្អែករបស់ខ្លួន។ អ៊ីស្រាអែលបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ហើយកងទ័ពរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងទឹកដីព្រំដែនចូលជ្រៅប្រហែល ១២ គីឡូម៉ែត្រក្នុងទឹកដីលីបង់ ដោយបានធ្វើសកម្មភាពកម្ទេច និងឈូសឆាយយ៉ាងខ្លាំងក្លា។
យ៉ាងណា ពុំមានភាគីណាមួយគោរពបទឈប់បាញ់កាលពីថ្ងៃទី១៧ ខែមេសា នោះទេ ហើយការប្រយុទ្ធគ្នាទើបតែបានផ្អាកកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានគំរាមកំហែងដល់ការបំផ្លាញកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ប្រជាជនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅភាគខាងត្បូងវិញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីពិនិត្យមើលផ្ទះសម្បែង និងអាជីវកម្មដែលខូចខាតរបស់ពួកគេ ទោះបីជាកងទ័ពលីបង់បានជម្រុញឲ្យពួកគេពន្យារពេលការត្រឡប់ទៅកាន់ភូមិ និងទីប្រជុំជនតាមព្រំដែនក៏ដោយ៕