ព័ត៌មានអន្តរជាតិ
ក្រុម G7 ឯកភាពគ្នាផ្តល់អាវុធធុនធ្ងន់ទៅអ៊ុយក្រែន និងបង្កើនទណ្ឌកម្មលើរុស្ស៊ី
មេដឹកនាំនៃប្រទេសក្រុម G7 រួមទាំងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសន្យាថានឹងបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ព្រមទាំងរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើប្រទេសរុស្ស៊ី។
តាមសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៧ ខែមិថុនានេះ ក្រុម G7 នៅតែឈរឈ្មោះយ៉ាងរឹងមាំ និងរួបរួមគ្នាតែមួយ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ បន្ថែមពីនោះ ក្រុមមេដឹកនាំ G7 បានប្តេជ្ញាចិត្តថានឹងបង្កើនសម្ពាធសេដ្ឋកិច្ចលើសង្គ្រាមរបស់រុស្ស៊ី និងពង្រឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំង ជាពិសេសទៅលើវិស័យប្រេង និងឧស្ម័ន ដែលជាប្រភពចំណូលចម្បងរបស់ទីក្រុងមូស្គូ។
នៅក្នុងជំនួបកំពូលរយៈពេលបីថ្ងៃនៅទីក្រុង Evian-les-Bains ប្រទេសបារាំង និងក្រុមមេដឹកនាំ ក៏បានព្រមព្រៀងគ្នាបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅឱ្យអ៊ុយក្រែន រួមមាន ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីល និងអាវុធដែលអាចបាញ់បានចម្ងាយឆ្ងាយ។ លើសពីនេះ ពួកគេក៏កំពុងពិចារណាផ្តល់អាជ្ញាប័ណ្ណពិសេសដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចបង្កើនការផលិតអាវុធដោយខ្លួនឯងបានផងដែរ។
ក្រៅពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន សេចក្ដីថ្លែងការណ៍រួមនេះ ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងគាំទ្រដល់បេសកកម្មអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ក្នុងការការពារកប៉ាល់ដឹកទំនិញ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រហ័រមូស។ ទន្ទឹមនោះ ក្រុមមេដឹកនាំ ក៏បានអំពាវនាវឱ្យមានការស្វែងរកផ្លូវផ្គត់ផ្គង់ថាមពលថ្មីផ្សេងទៀត ដោយបានលើកឡើងពីសក្តានុពលរបស់ប្រទេសកាណាដា ដែលអាចនឹងផ្គត់ផ្គង់ថាមពលបន្ថែមយ៉ាងច្រើនដល់ទីផ្សារពិភពលោកនៅក្នុងឆ្នាំខាងមុខ៕
ដោយ៖ ចិន្តា ទីទិ