ព័ត៌មានអន្តរជាតិ

មេការទូតថៃ រំពឹងថាអ្នកជំនាញច្បាប់២នាក់នឹងអាចជួយជ្រោមជ្រែងប្រទេសថៃ ខណៈកម្ពុជាស្វាគមន៍ក្នុងដំណើរការផ្សះផ្សាដោយបង្ខំ

Published

on

29 Views

(ទីក្រុងភ្នំពេញ/ក្រុងបាងកក)៖ ភាគីថៃបានសម្រេចយកអ្នកជំនាញ២នាក់មកពីអាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់ ដើម្បីឈរតតាំងជាមួយប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដ៏យូរអង្វែងមួយ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានបញ្ជាក់នៅថ្ងៃទី១៦ ខែមិថុនានេះ។

កាលពីដើមខែនេះ កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ ដោយឯកតោភាគី។

យោងតាមការស្រាវជ្រាវរបស់នេត្រាផុស បានរកឃើញថា អ្នកជំនាញច្បាប់ជនជាតិអាល្លឺម៉ង់ Rüdiger Wolfrum បានបម្រើការជាចៅក្រម ITLOS ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៧ និងជាប្រធានតុលាការពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨។ លោកជាអ្នកគ្រប់គ្រងវិទ្យាស្ថាន Max Planck សម្រាប់ច្បាប់សាធារណៈប្រៀបធៀប និងច្បាប់អន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់ ហើយក្រោយមកបានបម្រើការនៅក្នុងគណៈកម្មការផ្សះផ្សា UNCLOS ដែលបានជួយដោះស្រាយជម្លោះព្រំដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី។

ចំណែកអ្នកជំនាញច្បាប់សមុទ្រជនជាតិអាហ្វ្រិកខាងត្បូង Albert Hoffman បានបម្រើការជាចៅក្រម ITLOS តាំងពីឆ្នាំ ២០០៥ និងជាប្រធានតុលាការពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។ ពីមុនលោកបានបម្រើការជាអនុប្រធានតុលាការ ហើយត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការងាររបស់លោកក្នុងច្បាប់អន្តរជាតិ និងច្បាប់សមុទ្រ។

លោក Sihasak រំពឹងថាតាមរយៈ​បទពិសោធន៍​ដ៏ច្រើនលើសលប់របស់​ពួកគេ​ក្នុង​ច្បាប់​សមុទ្រ និង​ការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ នឹងជួយឱ្យប្រទេសថៃយកឈ្នះលើកម្ពុជា។

ការតែងតាំងនេះធ្វើឡើង បន្ទាប់ពីកម្ពុជាបានតែងតាំងរដ្ឋមន្ត្រីការបរទេសឯឧត្តម ប្រាក់ សុខុន រួមជាមួយលោក Peter Taksøe-Jensen ដែលជាអ្នកការទូតជនជាតិដាណឺម៉ាកលោកជាអតីតប្រធានគណៈកម្មការ UNCLOS ក្នុងជម្លោះសមុទ្ររវាងអូស្ត្រាលី និងទីម័រឡេស្តេ។ អ្នកជំនាញមួយរូបទៀត គឺលោក Jean-Marc Thouvenin អ្នកជំនាញផ្នែកច្បាប់ជនជាតិបារាំង ដែលមានបទពិសោធន៍ច្រើននៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ)៕ 

ឯឧត្តម ប្រាក់ សុខុន  បានលើកឡើងថា «ចាប់តាំងពីថៃ បានយល់ព្រម​ចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំ តាម UNCLOSមក វាជាជំហានវិជ្ជមាន ហើយកម្ពុជាស្វាគមន៍ ចំពោះការចូលរួមរបស់ប្រទេសថៃ ក្នុងដំណើរការផ្សះផ្សាដោយបង្ខំ ក្រោម​ UNCLOS នេះ។​

ជម្លោះនេះទាក់ទងនឹងផ្ទៃសមុទ្រប្រហែល ២៦,០០០ គីឡូម៉ែត្រការ៉េ ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា ដែលត្រូវបានគេប៉ាន់ប្រមាណថាមានឧស្ម័នធម្មជាតិជិត ១២ ពាន់ពាន់លានហ្វីតគូប និងប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

thirteen − 1 =

ពេញនិយម

Exit mobile version