ព័ត៌មានអន្តរជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោកនៃឆ្នាំ២០២៦
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋានចំណោម ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៦។
បើយោងតាមសេចក្តីប្រកាសរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនាម្សិលមិញនេះ បានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។
លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា «មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។ ភាពច្នៃប្រឌិត ស្ថាបត្យកម្មនៃអាកាសយានដ្ឋាន ការធ្វើទំនើបកម្ម ដើម្បីសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរ និងតម្រូវការសម្រាប់ល្បឿនទៅកាន់អាកាសយានដ្ឋានដទៃទៀត»។
អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ជាអាកាសយានដ្ឋានកម្រិត 4F ដែលមានទុនវិនិយោគប្រមាណ ២ ០០០លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យយន្តហោះឆ្លងទ្វីបគ្រប់ប្រភេទចុះចតបាន។
អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ការសាងសង់ទាំងស្រុងក្នុងដំណាក់កាលទី១ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយប្រើប្រាស់កម្មករ និងស្ថាបត្យកម្មដោយកូនខ្មែរសុទ្ធសាធ។
គូសបញ្ជាក់ដែរថា សម្រាប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងទំនិញប្រមាណ ២ ៦០០តោន ពីឆ្នាំ២០២៥-២០៣០។ សម្រាប់ដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានដល់ប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕
ដោយ៖ ចិន្តា ទីទិ