ព័ត៌មានអន្តរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ា ស្កាត់ទៅជួបមេដឹកនាំចិន ដើម្បីស្តារមុខមាត់ប្រទេសជាតិឡើងវិញ
(ក្រុងប៉េកាំង)៖ លោក មីន អ៊ុង លាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានមកដល់ទីក្រុងប៉េកាំងនៅថ្ងៃម្សិលម៉ិញនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ តាមការអញ្ជើញរបស់មេដឹកនាំចិន ស៊ី ជីនពីង ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ចាប់តាំងពីត្រូវបានជ្រើសតាំងជាប្រធានាធិបតី។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនានេះ។
លោក មីន អ៊ុងលាំង អាយុ ៦៩ឆ្នាំ អតីតមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារឆ្នាំ ២០២១ នាំឱ្យមានសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងរលកនៃទណ្ឌកម្មអន្តរជាតិ ត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៅដើមខែមេសា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍នេះ លោក មីន អ៊ុង លាំង នឹងជួបពិភាក្សាជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង។ លោកក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក លី ឈៀង និងលោក ចាវ លេជី ដែលជាអ្នកតាក់តែងច្បាប់កំពូលរបស់ចិនផងដែរ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់កាលពីសប្តាហ៍មុនថា «ប្រទេសចិន និងមីយ៉ាន់ម៉ាបានឈរជាមួយគ្នាក្នុងស្ថានភាពលំបាក និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក និងបានបង្កើតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយលើកកម្ពស់ទំនាក់ទំនងចិន-មីយ៉ាន់ម៉ា ដើម្បីសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់»។
គូសបញ្ជាក់ថា ប្រទេសចិនមិនមែនជាប្រទេសដំបូងដែលលោក មីន អ៊ុង លាំង បានទៅទស្សនកិច្ចចាប់តាំងពីក្លាយជាប្រធានាធិបតីនោះទេ។ ពោលនៅចុងខែឧសភា មេដឹកនាំរូបនេះបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់ប្រទេសឥណ្ឌា។ គោលបំណងទស្សនកិច្ចនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកទាំងមូលឡើងវិញ បន្ទាប់ពីរស់នៅក្នុងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំដែលបណ្តាលមកពីទណ្ឌកម្មអន្តរជាតិ៕
ដោយ៖ ចិន្តា ទីទិ