ព័ត៌មានទូទៅ
«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន»
នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។
ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។
អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន៕