Uncategorized
តារាហូលីវូដ Angelina Jolie ក្នុងពេលមកកាន់ប្រទេសកម្ពុជា
ហើយស្នាក់នៅលំនៅដ្ឋានរបស់នាងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានធ្វើដំណើរទៅកាន់ក្រុងបាត់ដំបង ដោយបានចូលពិនិត្យមើលអគាររោងភាពយន្តដ៏ចំណាស់ពីរដែលនៅសេសសល់នៅឡើយ គឺមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង។
ដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍ពីអភិបាលខេត្តបាត់ដំបង ដោយមានការនាំដំណើរពីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឱ្យ Netra Post ដឹងថា ទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ។ ការអញ្ជើញនេះក្នុងគោលបំណងដើម្បីស្នើឱ្យតារាភាពយន្តល្បីលំដាប់ពិភពលោករូបនេះ ជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរ។
លោក គឹម សោភ័ណ រំលឹកឱ្យដឹងថា រោងភាពយន្តដ៏ល្បីល្បាញនៅក្រុងបាត់ដំបងទាំងពីរនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០ ហើយបច្ចុប្បុន្នកំពុងមានសភាពទ្រុតទ្រោមយ៉ាងខ្លាំង៕