ពត៌មានទូទៅ
ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ
ព្រះសីហនុ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។
ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។ ដូច្នេះការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាអាទិភាពបំផុត ៕