សុខភាព

AHF បង្ហាញសេវា​ពិនិត្យ​កាមរោគ​ ព្យាបាល​ និង​មេរោគ​អេដស៍​ ដោយ​ឥត​គិត​ថ្លៃ

Published

on

AHF បង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ
75 Views

ភ្នំពេញ៖ អង្គការ​មូល​និធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​កម្ពុជា ​(AHF)​ បាន​បង្ហាញ​សេវា​ពិនិត្យ​កាម​រោគ​ ព្យាបាល​ និង​មេរោគ​អេដស៍ ​ដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​រក្សា​ការ​សម្ងាត់​បំផុត ខណៈ​យុវជន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​កាម​រោគ ​និង​មេរោគ​អេដស៍​កើន​ឡើង។

ក្នុង​​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការចូលរួម​ឆ្លើយ​តបទៅ​នឹង​មេរោគ និង​កាមរោគ​ នៅ​មណ្ឌល​ថែរក្សា​សុខ​ភាព​ទួលគោក​ របស់ ​AHF ​មាន​ទីតាំង​ផ្ទះលេខ​០៦​ ផ្លូវ​លេខ​៦០៤​ សង្កាត់​បឹង​កក់២​ ខណ្ឌ​ទួលគោក ​រាជ​ធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៥​នេះ លោក​វេជ្ជបណ្ឌិត​ ចន ផាន់ណា ​អ្នកគ្រប់​គ្រង​កម្ម​វិធី​ប្រចាំ​ប្រទេស​របស់​ AHF​ Cambodia​ មាន​ប្រសាសន៍​ថា «យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​អ្នក​សារព័ត៌មាន​នូវ​ឱកាស​មួយ​ដើម្បី​ទស្សនា​គ្លីនិក​ពិនិត្យ​ និង​ព្យាបាល​កាម​រោគ​របស់​យើង​ ចូល​រួម​ដោយ​ផ្ទាល់​ជា​មួយ​អតិថិជន​ និង​បាន​ឃើញ​ដោយ​ផ្ទាល់​នូវសេវាកម្ម​ដែល​មាន​ឥទ្ធិពល​ដែល​យើង​ផ្តល់​ជូន»។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ថែម​ថា ​«ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​ជំនួយ​អន្តរជាតិ ​ការ​ទ្រទ្រង់​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​របស់​កម្ពុជា​រហូត​ដល់​ឆ្នាំ ​២០៣០ ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់។ ​ឥឡូវ​នេះ​គឺជាពេល​វេលា​ដើម្បី​ជំរុញ​ការផ្តល់មូល​និធិក្នុង​ស្រុក​ដើម្បី​បំពេញ​តាមការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋា​ភិបាល។ ​AHF​ Cambodia​ កំពុង​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ខ្លួន​ដោយ​ធានា​បាន​នូវ​ការ​ទទួល​បាន​ការ​ព្យាបាល​ ១០០% ​សម្រាប់​អតិ​ថិជន​ដែល​ទើប​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ ​និង​ការ​ពង្រីក​សេវា​កម្ម​របស់​យើង​ រួម​ទាំង​មណ្ឌល​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​កាមរោគ​ យើង​ផង​ដែរ»។

លោក​វេជ្ជបណ្ឌិត​ ម៉ា សួនសុភ័ក្ត្រ​ ប្រធាន​មណ្ឌល​គ្រប់​គ្រង​មណ្ឌល​ថែទាំ​សុខភាព​ គ្លីនិក​ថែទាំ ​និង​ព្យា​បាល​ជំងឺ​កាមរោគ​ Wellness​ Center​ នៃ​អង្គការ​មូល​និធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​កម្ពុជា ​បាន​ថ្លែង​ថា ​សម្រាប់​គ្លីនិក​នេះ​មាន​ផ្តល់​សេវា​កម្ម​ដូចជា៖​ ថែទាំ ​និង​ព្យាបាល​ជំងឺ​កាម​រោគ, ​សេវាប្រឹក្សា​ និង​តេស្ត​ឈាម​រក​មេរោគ​អេសដ៍, ផ្តល់​ថ្នាំ​បង្ការ​ជា​មុន​ពេល​ប្រព្រឹត្ត​ប្រឈម​នឹង​ការឆ្លង​មេរោគអេសដ៍, ​ផ្តល់ថ្នាំ​បង្ការ​ក្រោយ​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេសដ៍, ​និង​មាន​ផ្តល់​ស្រោម​អនាម័យ​បង្ការ​មេរោគ​អេសដ៍។​

សូម​បញ្ជាក់​ថា មណ្ឌល​ថែទាំ​សុខភាព​ គ្លីនិក​ថែទាំ​ និង​ព្យាបាល​ជំងឺ​កាមរោគ​ Wellness​ Center​ នៃអង្គ​ការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​កម្ពុជា ​មាន​ទីតាំង​នៅផ្ទះលេខ​០៦​ ផ្លូវ៦០៤​ សង្កាត់​បឹង​កក់២ ​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​ លេខទូរសព្ទ​ ០៩៦ ៩២៩ ២៩៥២ ​ដែល​បាន​បើក​ជា​រៀង​រាល់​ថ្ងៃ​ចាប់ពី​ម៉ោង ៨ព្រឹក ​ដល់ម៉ោង​ ៦ល្ងាច។

អង្គការមូល​និធិ​ថែទាំសុខភាព​អ្នក​ជំងឺអេដស៍ ​គឺ​ជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ថែ​ទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព​នៃការ​បង់ប្រាក់ ​ដល់​អតិថិ​ជន​ជាង ​២.៥លាន​នាក់​ក្នុង៥០​ប្រទេស​ជុំវិញ​ពិភព​លោក ​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ អាហ្វ្រិក​ អាមេរិក​ឡាទីន​ ការាបៀន ​តំបន់​អាស៊ី ​ប៉ាស៊ីហ្វិក ​និងអឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *

4 − 2 =

ពេញនិយម

Exit mobile version