ពត៌មានទូទៅ

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ​ចាប់​ដៃ​គូ​ជា​មួយ​វិទ្យា​ស្ថាន​លំដាប់​អន្តរជាតិ CII

Published

on

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ​ចាប់​ដៃ​គូ​ជា​មួយ​វិទ្យា​ស្ថាន​លំដាប់​អន្តរជាតិ CII
71 Views

និយ័តករធានា​រ៉ាប់រង​កម្ពុជា ​ចាប់ដៃ​គូជា​មួយ​វិទ្យា​ស្ថាន​លំដាប់​អន្តរ​ជាតិ CII​ ដើម្បី​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

ភ្នំពេញ៖ ​និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា​ នៅព្រឹក​ថ្ងៃទី១០​ ខែ​កញ្ញា​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សា​រណៈនៃ​ការ​យោគ​យល់​គ្នា​ជា​មួយ​ស្ថាប័ន​ Chartered ​Insurance​ Institute (CII)​ ដើម្បី​ជំរុញ​ការ​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ក្នុង​វិស័យ​ធា​នា​រ៉ាប់​រង​កម្ពុជា។
ពិធី​ចុះ​ហត្ថេលខា ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​ ប៊ូ ច័ន្ទភីរូ ​អគ្គ​នាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់​រង​កម្ពុជា ​និង​លោក​ស្រី ​Holly ​Porter​ នាយិកា​ប្រតិ​បត្តិ​នៃ​វិទ្យា​ស្ថាន​ Chartered​ Insurance​ Institute (CII)។ ​បើតាម​លោក​ ប៊ូ ច័ន្ទភីរូ ​បាន​ឱ្យ​ដឹងថា​ វិទ្យា​ស្ថាន​ Chartered​ Insurance​ Institute (CII)​ គឺ​ជា​វិទ្យាស្ថាន​ជំនាញ​ធានា​រ៉ាប់​រង​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុង ​ចក្រ​ភព​អង់គ្លេស ​និង​មាន​សាខា​នៅទី ក្រុង ហុង​កុង។

ការចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​នេះ ​មាន​គោល​ដៅពង្រឹង​ធន​ធាន​មនុស្ស ​និង​ជំនាញ​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​ ដោយ​សារ​វិទ្យា​ស្ថាន​នេះ ​មាន​ឯក​ទេស​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ធានា​រ៉ាប់​រង​នៅ​លើពិភព​លោក។​ លោក​ ប៊ូ ច័ន្ទភីរូ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ​តាម​រយៈ​ការ​ចុះ​អនុ​ស្សារណៈ​យោគ​យល់​គ្នានេះ ​ស្ថាប័ន​ទាំង​ពីរ​ នឹង​ពិនិត្យ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​តាម​មុខ​ជំនាញ​ធានា​រ៉ាប់រង​ដែល​វិទ្យាស្ថាន​ CII​ នេះ​មាន​ដល់​មន្ត្រី​និយ័តករ​ធានា​រ៉ាប់រង​ និង​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​ធានា​រ៉ាប់រង។ លោក ប៊ូ ច័ន្ទភីរូ​ បាន​លើកឡើង​ថា ​“ ជាការ​ពិត​ទោះ​បីវិស័យ​ធានា​រ៉ាប់រង​ បាន​ចាប់ផ្តើមរយៈពេលជាង​ ២០ឆ្នាំក៏ពិតមែន តែបើនិយាយ​ពី​អ្នក​មាន​ជំនាញ​ក្នុងវិស័យនេះ​ គឺនៅខ្វះ។ ​ក្នុងនោះ នៅ​តាមសាកល​វិទ្យាល័យ​នានា ក៏​មិន​ទាន់​មាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ធានា​រ៉ាប់​រង​ច្បាស់​លាស់​នោះទេ​ ដូច​នេះ​ហើយ ​និយ័តករ​ បាន​កំពុង​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ក្នុងស្រុក​លើការងារ​នេះ។ យើង​ត្រូវ​ការ​ពេលវេលា ​និង​កំពុង​ខិត​ខំប្រឹង​ប្រែង​ដើម្បី​កសាង​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ ​ឱ្យ​បាន​ច្បាស់លាស់ ​ដើម្បី​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយគុណភាព”។​ លោក ប៊ូ ច័ន្ទភីរូ ​បាន​ឱ្យដឹង​ផង​ដែរ​ថា ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ​ក៏បាន​រៀបចំ​នីតិវិធី​រួចរាល់​ហើយ ​ក្នុង​ការ​ត្រៀម​បើក​ដំណើរ​ការ​នូវសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធានា​រ៉ាប់រង​ ដែល​គ្រោង​ចេញ​ជា​ផ្លូវការ​នៅឆ្នាំ​២០២៧​ខាងមុខនេះ ​ក្នុង​រាជធានីភ្នំពេញ។ ​បច្ចុប្បន្ននេះ​ និយ័តករ​ កំពុង​សាង​សង់​អាគារ​សាលា​បណ្តុះ​បណ្តាល​នេះ ​ហើយ​នឹង​សហការ​ជា​មួយ​វិទ្យាស្ថាន ​CII​ ក្នុង​ការ​រៀប​ចំ​កម្មវិធី​បណ្តុះ​បណ្តាល​នានា​ឱ្យស្រប​តាម​ស្តង់ដារ​អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

thirteen − 12 =

ពេញនិយម

Exit mobile version