ពត៌មានទូទៅ
ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត”

ក្រសួងប្រៃសណីយ៍ បើកការពិភាក្សា ថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។ សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។






ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។”
យោងតាមរបាយការណ៍ បានឱ្យដឹងថា តាំងពីឆមាសទី១ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ក្នុងដំណើរការនេះ ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក តាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈកិច្ចសហការ និងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន១០លើក។
គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។
សូមបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង៤នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី៥ សម្រាប់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាពនិងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល៕

ពត៌មានទូទៅ
លោក ផែង វណ្ណៈ យល់ព្រមធ្វើកិច្ចសន្យានៅចំពោះមុខ លោក សៅ សុខា

កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការ«ធ្វើកិច្ចសន្យា»របស់ លោក ផែង វណ្ណៈ ចំពោះ មុខនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីមានការចេញញតិថ្កោលទោសយ៉ាងព្រោងព្រាតចំពោះអ្នកសារព័ត៌មានរូបនេះពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ។
សូមបញ្ជាក់ថា Live Show លោក ផែង វណ្ណៈ នៅក្នុងសប្តាហ៍នេះ និយាយធ្ងន់ៗទៅលើករណី«បទល្មើសព្រៃឈើនៅខេត្តក្រចេះ» ហើយដែលវាយប្រហារមន្រ្តីអាវុធហត្ថ ដែលបញ្ហានេះមានទាំងអ្នករិះគន់ និងអ្នកសរសើរពីមហាជន។
រិះគន់ពីការចេញថ្កោលទោលថ្កោលទោស ឯសរសើរវិញ ថា លោកហ៊ាននិយាយការពិត។
ទោះយ៉ាងណាក៏មានមតិរិះគន់ថា ការនិយាយរបស់លោក ផែង វណ្ណៈ ហាក់«លើស»ពីវិជ្ជាជីវៈសារព័ត៌មាន ដោយការនិយាយទាំងឡុាយនោះ ខ្លះជាការបង្គាប់បញ្ជា ប្រើពាក្យខ្វះសីលធម៌ ប្រៀបដូចជាខ្លួនជា មន្រ្តីជាន់ខ្ពស់ ជាសមត្ថកិច្ច ជាតុលាការ និងក៏ជាប្រជាជន នៅពេលអត្ថាធិប្បាយព័ត៌មាន ឬសកម្មភាពមួយចំនួន។
ទន្ទឹមនេះ ភាពអវិជ្ជមានរបស់មន្រ្តីក៏ត្រូវបានមហាជនយល់ស្របថា ពិតជាកើតមានពិតប្រាកដដែរ តែមិនសូវមានអ្នកហ៊ាននិយាយ ខណៈដែលអ្នកសារព័ត៌មានកំពុងមានឥទ្ធិពលលើបណ្តាញសង្គមរូបនេះ តែងប្រមូលព័ត៌មាន និងភស្តុតាងបាន ហើយយកមកវាយប្រហារចំៗលើករណីខ្លះដែលលោកមិនពេញចិត្ត៕

ពត៌មានទូទៅ
អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ីឡើងដល់ជាង ៣០០នាក់

ចំនួនអ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា នៃប្រទេសនេះ បានកើនឡើងដល់ ៣០៣នាក់ហើយ ពោលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង ១៧០នាក់ពីមុន ខណៈរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ។

ផ្នែកធំៗនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍មកហើយ ជាមួយនឹងព្យុះត្រូពិកដ៏កម្រមួយទៀត កំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកា។

ប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ី លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា មនុស្សយ៉ាងតិច ២៧៩នាក់ នៅតែបាត់ខ្លួន ដែលនាំឱ្យមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើន ខណៈមនុស្សប្រហែល ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយរាប់រយនាក់នៅតែជាប់គាំងនៅក្នុងខេត្តចំនួន៣ ទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ចុងខាងលិចរបស់ឥណ្ឌូនេស៊ី។

ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយ បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្តល់ជំនួយ និងសម្រាប់ការដឹកជញ្ជូននៅផ្នែកខាងជើងនៃកោះ ជាទីដែលរងគ្រោះខ្លាំងបំផុត។ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំផ្លាញដោយបំណាក់ដីទ្រង់ទ្រាយធំ៕
ពត៌មានទូទៅ
កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើ ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់

សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។


ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន ជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃ សម្រាប់ការសន្ទនា កិច្ចសហការ និងការចែករំលែកឧត្តមានុវត្តន៍។ កិច្ចប្រជុំ បានបន្តពង្រឹងចក្ខុវិស័យរួមដើម្បីពង្រឹងវិស័យធានារ៉ាប់រងអាស៊ានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឯកឧត្តម រំពឹងថា វេទិកាអាស៊ាននេះ នឹងបន្តកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ពីតួនាទីយ៉ាងសំខាន់របស់និយតករធានារ៉ាប់រង ក្នុងការជំរុញស្ថិរភាព ការពារម្ចាស់បណ្ណសន្យារ៉ាប់រង និងធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងប្រកបដោយភាពរឹងមាំ និងបរិយាបន្ន។ តាមរយៈកិច្ចសហការគ្នានេះ និយ័តករធានារ៉ាប់រងអាស៊ាន អាចពង្រឹងក្របខ័ណ្ឌនិយ័តកម្ម លើកកម្ពស់នវានុវត្តន៍ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារធានារ៉ាប់រង ប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។


ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពី ប្រធានបទសម្រាប់កិច្ចប្រជុំឆ្នាំនេះ ស្ដីពី”ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន” ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វិស័យធានារ៉ាប់រងក្នុងការគាំទ្រស្ថិរភាព និងកំណើនសេដ្ឋកិច្ចជារួមរបស់ប្រជាជាតិអាស៊ាន។ ដោយមានប្រជាជនជាង ៦៧៨លាននាក់ និងផលិតផលក្នុងស្រុកសរុបលើសពី ៤ពាន់ពាន់លានដុល្លារអាម៉េរិក អាស៊ានជាតំបន់សេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក។ ដូចនេះ និយតករធានារ៉ាប់រង និងប្រតិបត្តិករធានារ៉ាប់រង ដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកដោយផ្ទាល់ដល់ប្រព័ន្ធសន្ដិសុខសង្គម សេដ្ឋកិច្ចជាតិ និងផ្ដល់ការការពារដល់គ្រួសារ និងអាជីវកម្មនៅទូទាំងតំបន់។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា នាពេលអនាគតមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ក្នុងនោះ រួមមាន ហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រួមទាំងការផ្លាស់ប្តូរប្រជាសាស្ត្រ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តម បានបន្តថា បញ្ហាប្រឈមទាំងនេះ បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន។
-
ចំណេះដឹងទូទៅ9 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត8 months ago«ទាក់ដំរី»
-
ពត៌មានទូទៅ8 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត8 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ7 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត9 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ5 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ9 months agoការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ


