ពត៌មានទូទៅ
បញ្ចប់ការស្នាក់នៅអាគារទ្រុឌទ្រោមអាយុកាល ៧៥ឆ្នាំ ត្រឹមថ្ងៃនេះ
ភ្នំពេញ៖ ថ្ងៃឱសានវាទបានមកដល់ គណៈកម្មការចម្រុះ បានចាប់ផ្តើមហ៊ុព័ទ្ធ អគារចាស់ទ្រុឌទ្រោម ( អតីតសណ្ឋាគារអង្គរមានជ័យ) ត្រឹមថ្ងៃទី ២១ ឧសភា នេះ បើទោះបីនៅសល់៤គ្រួសារកំពុងបន្តស្នាក់នៅ និងប្រកបអាជីវកម្ម ពុំព្រមចាកចេញក៏ដោយ ដោយសារមិនទាន់ដោះស្រាយត្រូវរ៉ូវគ្នា។
លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលកិច្ចការនេះបានឲដឹងថា៖ ក្រុមជំនាញបានចំណាយពេលជិត៩ខែមកហើយ ក្នុងការដោះស្រាយគោលនយោបាយជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ។ ជាលទ្ធផលអ្នកស្នាក់នៅចំនួន៦១គ្រួសារ បានទទួលយកការដោះស្រាយ ខណៈនៅសល់តែ៤គ្រួសារ ពុំទាន់ព្រមព្រៀងទទួលយក។ ការសម្រេចចុងក្រោយតម្រូវឲហ៊ុមព័ទ្ធនេះគឺដោយកត្តាព្រួយបារម្ភខ្ពស់ពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល។ ក្រសួងជំនាញលើការគ្រប់គ្រងសំណង់ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿន និងរហ័សបំផុត ។
អាជ្ញាធរខណ្ឌ ៧មករា ក៏បានណែនាំ ផ្សព្វផ្សាយទៅកាន់ពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពអគារអាចប្រឈមនឹងការបាក់រលំបានគ្រប់ពេល។
សូមបញ្ជាក់ថា៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) ដែលស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម មានទំហំក្រឡាផ្ទៃសរុប ៥៩០ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់។ មកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ៕